សារមន្ទីសេដ្ឋកិច្ច និងរូបិយវត្ថុទំនើបដំបូងគេនៅកម្ពុជាជាសារមន្ទីរមួយដែលស្ថិតនៅចំកណ្តាលរាជធានីភ្នំពេញ។
សារមន្ទីរនេះ ជាសារមន្ទីរបែបទំនើបមួយនៅកម្ពុជា ដែលនិយាយអំពីប្រវត្តិសាស្រ្ត នយោបាយ និងសេដ្ឋកិច្ចនៃរូបិយវត្ថុជាច្រើនសម័យកាលរហូតមកដល់បច្ចុប្បន្ន។ ហើយមានភាពសម្បូរបែបដ៏អស្ចារ្យជាច្រើន ដែលប្រជាជនខ្មែរ ជាពិសេសយុវជន គួរទៅទស្សនា និងស្វែងយល់។ សារមន្ទីរនេះមិនផ្តោតលើការប្រមូលផ្តុំ រូបិយវត្ថុបុរាណក្រាស់ក្រែលទេ ប៉ុន្តែផ្ទុយទៅវិញ ផ្តោតទៅលើបទបង្ហាញ និងការអត្ថាធិប្បាយយ៉ាងក្បោះក្បាយអំពីទំនាក់ទំនង រវាងរូបិយវត្ថុជាមួយស្ថាប័ន និងសង្គម ប្រវត្តិសេដ្ឋកិច្ចនិងនយោបាយហើយក៏ផ្តោតយ៉ាងសំខាន់លើការសម្រួលការអាន និងការយល់ដឹងអំពីសេដ្ឋកិច្ចសម័យថ្មី តាមរយៈតួនាទីដ៏សំខាន់របស់រូបិយវត្ថុ និងគោលនយោបាយរូបិយវត្ថុ។
អ្នកទស្សនាអាចអញ្ជើញចូលវិចិត្រសាលនៅជាន់ផ្ទាល់ដី និងចាប់ផ្តើមនៅជាន់ទី១ ដែលបង្ហាញអំពីម៉ូឌីលទាំង៦ ដែលមានលក្ខណៈជាប្រវត្តិសាស្រ្ត។ បន្ទាប់មក ត្រឡប់មកជាន់ផ្ទាល់ដីវិញ ដើម្បីទស្សនាម៉ូឌីលទី៧ ដែលជាម៉ូឌីលបញ្ចប់ផ្នែកប្រវត្តិសាស្រ្ត និងជាសេចក្តីផ្តើមដ៏ល្អមួយសម្រាប់ម៉ូឌីលបន្ទាប់ទាំង៥ ដែលផ្តោតចម្បងលើសេដ្ឋកិច្ច។
សារមន្ទីរមួយនេះ បើកទទួលភ្ញៀវចូលទស្សនាពីថ្ងៃអង្គារ ដល់ ថ្ងៃអាទិត្យ ចាប់ពីម៉ោង៩ព្រឹក ដល់៦ល្ងាច ចំពោះថ្ងៃច័ន្ទ នឹងថ្ងៃបុណ្យ មិនបើកដំណើរការទេ ដោយអ្នកចូលទស្សនាតែត្រូវទិញសំបុត្រជាមុនសិន។ ចំពោះតម្លៃសំបុត្រសម្រាប់ភ្ញៀវជាតិ គឺ ៤ពាន់រៀល ចំណែក ភ្ញៀវបរទេសមានតម្លៃ ២ម៉ឺនរៀល។ សំបុត្រសម្រាប់កុមារ និងនិស្សិត មានតម្លៃ ២ពាន់រៀល។ ដោយឡែក ចំពោះព្រះសង្ឃ សារមន្ទីរមិនគិតថ្លៃសំបុត្រឡើយ។
ក្រៅពីនេះ អ្នកចូលទស្សនាក៏អាចជួលមគ្គទេសក៍ជាសំឡេង ដើម្បីស្តាប់អំពីប្រវត្តិ និងឈ្វេងយល់បានស៊ីជម្រៅអំពីដំណើរផ្លាស់ប្តូរនៃរូបិយវត្ថុនៅកម្ពុជា។ ការជួលមគ្គទេសក៍ជាសំឡេងនេះមានតម្លៃ ១២០០០រៀល ដែលស្មើនឹង ៣ដុល្លារអាមេរិក ដោយឧបករណ៍នោះមាន៥ភាសា ដូចជា ខ្មែរ ចិន អង់គ្លេស បារាំង និងជប៉ុន។
បើសិនជាលោកអ្នកចង់ដឹងកាន់តែច្បាស់អំពី ប្រវត្តិសាស្រ្តនៃរូបិយវត្ថុខ្មែរ សូមលោកអ្នកអញ្ជើញទៅទស្សនា សារមន្ទីរ ព្រះស្រីឦសានវរ្ម័ន។
Comments